កាលបរិច្ឆេទ: ០៣ កញ្ញា ២០២១ / សុខភាព
មូលនិធិគីណាល់បានឧបត្ថម្ភជាថវិកាសម្រាប់ការសាងសង់ផ្លូវមួយខ្សែដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ៣គ.មនៅភូមិត្រពាំងស្តៅ ខេត្តកំពត។
ទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរក្នុងស្រុក និងអ្នកភូមិ ការងារសាងសង់ត្រូវបានធ្វើឡើងដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនខនហ្វីរេល និងចំណាយថវិកាអស់ប្រមាណជិត៥០ ០០០ដុល្លារអាមេរិក។ ផ្លូវមួយខ្សែនេះនឹងជួយឲ្យអ្នកភូមិត្រពាំងស្តៅទាំងមូលអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗទៀតបានយ៉ាងស្រួល ព្រោះថាកន្លងមកការធ្វើដំណើរផ្លាស់ទីមានការលំបាកយ៉ាងខ្លាំងជាពិសេសនៅរដូវវស្សា។
អ្នកភូមិអបអរសាទរចំពោះវត្តមានផ្លូវមួយខ្សែនេះ ព្រោះពួកគេអាចធ្វើដំណើរដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជុំវិញតំបន់នោះ ហើយវាបង្កភាពងាយស្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្នកភូមិម្នាក់ដែលចូលរួមក្នុងការងារសាងសង់ផ្លូវបានគូសបញ្ជាក់ថា៖ «បើមានអ្នកណាម្នាក់ឈឺ យើងអាចដឹកគាត់ទៅមជ្ឈមណ្ឌលសុខភាពបានយ៉ាងងាយ។ ម្យ៉ាងទៀត ក្មេងៗក៏អាចធ្វើដំណើរទៅសាលារៀនបានយ៉ាងស្រួលផងដែរ»។
ដោយសារការឧបត្ថម្ភពីក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល មូលនិធិគីណាល់ចង់ឃើញមានការសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ជាពិសេសគឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយ៉ាល។
កាលពីឆ្នាំ២០១៧ មូនិធិគីណាល់ជាមួយអ្នកឧបត្ថម្ភមួយចំនួនទៀតបានផ្តល់ជាថវិកា សម្រាប់ការសាងសង់អគារសាលារៀនមួយខ្នងដែលមានបួនបន្ទប់ និងបណ្ណាល័យមួយនៅក្នុងបរិវេណសាលាបឋមសិក្សាស្រែព្រីង នៅក្នុងភូមិត្រពាំងស្តៅនេះដែរ ហើយអង្គការស៊ីប៉ាជាអ្នកផ្តល់ជំនួយផ្នែកសម្ភារៈបណ្ណាល័យ៕